រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ – ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ដែលជាអ្នកបង្កើតថ្មីឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃនេះបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ “សេវាបង់ប្រាក់កម្ចីរៀងរាល់ពីរសប្តាហ៍ម្តង”ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះ គឺជាយុទ្ធសាស្រ្តស្នូលមួយនៃការប្តេជ្ញាចិត្តលើការទទួលខុសត្រូវការងារសង្គមរបស់ធនាគារក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ កាត់បន្ថយសម្ពាធសេដ្ឋកិច្ច និងគាំទ្រដល់សុខុមាលភាពរបស់បុគ្គលិកប្រាក់បៀវត្សរ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ 
       ក្នុងនាមជាធនាគារពាណិជ្ជដំបូងគេដែលផ្តល់ជម្រើសសងប្រាក់កម្ចីដ៏បត់បែននេះនៅក្នុងទីផ្សារ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក កំពុងដោះស្រាយចំណុចចន្លោះប្រហោងដ៏សំខាន់មួយនៅក្នុងប្រព័ន្ធធនាគារបែបប្រពៃណី។ ជាក់ស្តែង ខណៈពេលដែលកម្លាំងពលកម្មមួយផ្នែកធំ ជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងអាជីវកម្មសំខាន់ៗ ទទួលបានប្រាក់បៀវត្សរ៍រៀងរាល់ពីរសប្តាហ៍ម្តង តែយន្តការធនាគារទូទៅតែងតែតម្រូវឱ្យមានការសងប្រាក់កម្ចីជាប្រចាំខែ។ ការមិនស៊ីសង្វាក់គ្នានេះ ជារឿយៗបានបង្កើតជាសម្ពាធលើលំហូរសាច់ប្រាក់សម្រាប់និយោជិតនៅក្នុងចន្លោះសប្តាហ៍នៃការបើកប្រាក់បៀវត្សរ៍ទាំងពីរលើក។ តាមរយៈការកែប្រែយន្តការសងប្រាក់កម្ចីឱ្យមានភាពបន្ស៊ីគ្នាទៅនឹងពេលវេលាជាក់ស្តែងនៃប្រាក់ចំណូលរបស់អ្នកខ្ចីប្រាក់ ដំណោះស្រាយដែលជំរុញដោយកិច្ចការសង្គមថ្មីនេះ ផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖ 

  • ការផ្គូផ្គងប្រាក់ចំណូលដ៏ល្អប្រសើរ៖ ស្របគ្នាយ៉ាងរលូនជាមួយនឹងការបើកប្រាក់បៀវត្សរ៍រៀងរាល់ពីរសប្តាហ៍ម្តង ដោយធានាថានិយោជិតអាចគ្រប់គ្រងកាតព្វកិច្ចរបស់ពួកគេបានយ៉ាងងាយស្រួល ដោយគ្មានការព្រួយបារម្ភពីការត្រៀមបម្រុងប្រាក់សម្រាប់បង់សងប្រចាំខែ។ 
  • ការសម្រាលបន្ទុកការប្រាក់៖ ការបង់ប្រាក់ក្នុងរយៈពេលខ្លី និងញឹកញាប់ជាងមុន ជួយកាត់បន្ថយការប្រាក់សរុបដែលកើតឡើងក្នុងអំឡុងពេលខ្ចីប្រាក់ ដែលនេះជួយសន្សំប្រាក់ជូនអតិថិជនដោយស្វ័យប្រវត្តិ។
  • ការលើកកម្ពស់សុខភាពហិរញ្ញវត្ថុ៖ ការពារការចំណាយលើសកម្រិតនៅចន្លោះរយៈពេលនៃការបើកប្រាក់ខែ ជួយបង្កើតទម្លាប់សន្សំកាន់តែប្រសើរ និងពង្រឹងស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ក្រុមគ្រួសារកម្ពុជា។

       “បេសកកម្មស្នូលរបស់យើងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានការទទួលខុសត្រូវ គឺការធ្វើជាដៃគូដ៏ពិតប្រាកដ និងរឹងមាំរបស់ប្រជាជនកម្ពុជា។ យើងបានកត់សម្គាល់ឃើញថា ការសងប្រាក់កម្ចីប្រចាំខែបែបប្រពៃណីគឺ
មិនទាន់ឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង និងតម្រូវការជាក់ស្តែងនៃកម្លាំងពលកម្មនាពេលបច្ចុប្បន្ននោះទេ។ ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេដែលដាក់ឱ្យដំណើរការសេវាសងប្រាក់កម្ចីរៀងរាល់ពីរសប្តាហ៍ម្តងនេះ យើងកំពុងទាញយកអត្ថប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើងដើម្បីបម្រើជាឧបករណ៍ ផ្តល់ផលប្រយោជន៍ដល់សង្គម គាំទ្រដល់និយោជិតដោយផ្ទាល់ កាត់បន្ថយបន្ទុកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពជូនពួកគាត់ក្នុងការកសាងអនាគតមួយប្រកបដោយសុវត្ថិភាព”នេះបើតាមការលើកឡើងរបស់លោកអគ្គនាយក ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក។
       គំនិតផ្តួចផ្តើមនេះ បង្ហាញឱ្យឃើញនូវការវិវត្តដ៏សំខាន់មួយនៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា ដោយផ្លាស់ប្តូរពីទម្រង់ស្តង់ដារតែមួយសម្រាប់ទាំងអស់គ្នាឆ្ពោះទៅរកវិធីសាស្រ្តថ្មីដែលផ្ដោតលើមនុស្ស និងការយល់ចិត្តគ្នាកាន់តែស៊ីជម្រៅនៅក្នុងសេវា ធនាគារ។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុដ៏បត់បែននេះ សូមអញ្ជើញទៅកាន់ការិយាល័យសាខាដែលនៅជិតអ្នកបំផុត ឬចូលទៅកាន់គេហទំព័រ៖ www.sbibank.com.kh ឬផ្នែកសេវាអតិថិជន៖ 023 980 888 / 093 671 111។
អំពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
       បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ដែលជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន SBI Holdings, Inc. នៃប្រទេសជប៉ុន បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានទ្រព្យសកម្មសរុបកើនលើស ១,១២ ប៊ីលានដុល្លារអាមេរិក និងមានបណ្តាញសាខាយ៉ាងទូលំទូលាយចំនួន ៥១ សាខានៅទូទាំងប្រទេស។ យុទ្ធសាស្ត្ររបស់ធនាគារ គឺការរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាមួយនឹងសមត្ថភាពធនាគារ ឌីជីថលឈានមុខគេ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនដល់អតិថិជនអាជីវកម្ម ក៏ដូចជាអ្នកប្រើប្រាស់ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញ នៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគេ។