រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានរៀបចំសិក្ខាសាលាថ្នាក់គ្រប់គ្រងក្រោមប្រធានបទ “រួមគ្នាបង្កើតអនាគត” កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ ដោយមានវត្តមាន គណៈគ្រប់គ្រងរបស់ធនាគារ ដើម្បីបង្ហាញពីលទ្ធផលការងារដែលសម្រេចបាននៅឆមាសទី១ ឆ្នាំ២០២៦ និងកំណត់គោលដៅអាទិភាពសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៦ នេះផងដែរ។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់គ្រប់គ្រងប្រមាណ ២៥០នាក់ រួមមានប្រធានសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់មកពីទូទាំងប្រទេស។ តាមរយៈបទបង្ហាញរបស់ថ្នាក់ដឹកនាំ និងការពិភាក្សាបើកទូលាយ ព្រឹត្តិការណ៍នេះបានពង្រឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញកំណើនប្រកបដោយចីរភាព ប្រតិបត្តិការដ៏ល្អប្រសើរ ការផ្តល់សេវាដោយផ្តោតលើអតិថិជនជាចម្បង ការអនុវត្តការងារប្រកបដោយវិន័យ និងការអភិវឌ្ឍធនធានមនុស្ស។
ខ្លឹមសារសំខាន់ៗ បានផ្តោតលើការកសាងធនាគារមួយ ដែលមានភាពបត់បែន ជំរុញប្រសិទ្ធភាពការងារ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត។ ថ្នាក់គ្រប់គ្រងបានពិភាក្សាពីយុទ្ធសាស្រ្តអាទិភាព ដើម្បីពង្រីកអាជីវកម្មប្រកបដោយគុណភាព ពង្រឹងការប្រមូលប្រាក់បញ្ញើ កែលម្អវិធីសាស្ត្រក្នុងការទាក់ទាញអតិថិជនថ្មីៗ បង្កើនទំនាក់ទំនងអតិថិជនឱ្យកាន់តែស៊ីជម្រៅតាមរយៈការលក់ផលិតផលបន្ថែម និងធានាបាននូវការយល់ដឹងពីហានិភ័យដោយប្រុងប្រយ័ត្ន នៅតាមបណ្តាញសាខាប្រតិបត្តិការទាំងអស់។
សិក្ខាសាលានេះក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការផ្លាស់ប្តូរប្រតិបត្តិការ និងការត្រៀមលក្ខណៈរបស់ធនាគារ ដែលជាមូលដ្ឋានគ្រឹះនៅក្នុងដំណាក់កាលនៃការរីកចម្រើនឥតឈប់ឈររបស់ធនាគារ។ កិច្ចពិភាក្សា បានផ្តោតលើការកែលម្អប្រតិបត្តិការសាខា ប្រសិទ្ធភាពឌីជីថល និងដំណើរការ ឧត្តមភាពសេវាកម្ម ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនក្នុងអាជីពការងារ ដោយពង្រឹងតួនាទីរបស់បុគ្គលិកដែលមានសមត្ថភាព ភាពជាអ្នកដឹកនាំប្រកបដោយការទទួលខុសត្រូវ និងការធ្វើការងារជាក្រុម ក្នុងការផ្តល់នូវតម្លៃរយៈពេលវែងដល់អតិថិជន និងភាគីពាក់ព័ន្ធ។
នៅក្នុងកម្មវិធីសិក្ខាសាលានេះផងដែរ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានបង្ហាញពីលទ្ធផលសាខាឆ្នើមក្នុងការ ផ្តល់សេវាអតិថិជនបានល្អប្រសើរជាងគេ តាមរយៈការប្រគល់ពានរង្វាន់សាខាឆ្នើមផ្នែកសេវាអតិថិជន។ សិក្ខាសាលានេះ បានបិទបញ្ចប់ជាមួយនឹងពិធីជប់លៀងសាភោជន៍នាពេលរាត្រី និងការបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងថ្នាក់ដឹកនាំ ដែលនឹងជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងស្មារតីធ្វើការងារជាក្រុម នៅក្នុងចំណោមថ្នាក់ដឹកនាំទាំងអស់របស់ធនាគារ។
អំពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក គឺជាបុត្រសម្ព័ន្ធដែលគ្រប់គ្រង ១០០% ដោយក្រុមហ៊ុន SBI Holdings, Inc.របស់ប្រទេសជប៉ុន ដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ មានទ្រព្យសកម្មសរុបលើសពី ២៣៩,៤ ប៊ីលានដុល្លារអាមេរិក។ នៅក្នុងប្រទេសកម្ពុជា ធនាគារ អេស ប៊ី អាយ បានបង្ហាញពីកំណើនយ៉ាងរឹងមាំ ដោយមានទ្រព្យសកម្មសរុបកើនលើស ១,១២ ប៊ីលានដុល្លារអាមេរិក និងមានបណ្តាញសាខាយ៉ាងទូលំទូលាយចំនួន ៥១ សាខានៅទូទាំងប្រទេស។ យុទ្ធសាស្ត្ររបស់ ធនាគារ អេស ប៊ី អាយ គឺការរួមបញ្ចូលគ្នារវាងបណ្តាញសាខាផ្ទាល់ និងសមត្ថភាពសេវាធនាគារឌីជីថល ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ដល់អតិថិជនអាជីវកម្ម និងអតិថិជនទូទៅ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញ នៅគ្រប់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗរបស់ពួកគេ។