ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក និងក្រុមហ៊ុន SBI Remit នៅជប៉ុន ប្រកាសដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់រហ័សពីជប៉ុន មក កម្ពុជា ដើម្បីគាំទ្រគ្រួសារកម្ពុជា
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ក្រោមកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន SBI Remit Co., Ltd.នៅប្រទេសជប៉ុន នៅថ្ងៃនេះបានប្រកាសដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់រហ័ស ដែលជួយសម្រួលដល់ពលករកម្ពុជាកំពុងធ្វើការនៅជប៉ុន និងអ្នកផ្ញើប្រាក់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ក្នុងការផ្ទេរប្រាក់មកក្រុមគ្រួសារនៅកម្ពុជា ជាមួយទំហំទឹកប្រាក់តូចៗ ដែលមានភាពងាយស្រួល និងថ្លៃចំណាយសេវាអស់តិចបំផុត។
សេវាផ្ទេរប្រាក់នេះបានភ្ជាប់ទំនាក់ទំនងរវាងការផ្ទេរប្រាក់ ដែលមានភាពងាយស្រួលនៅក្នុងប្រទេសជប៉ុន ជាមួយនឹងការទទួលប្រាក់រហ័សនៅតាមសាខាធនាគារ អេស ប៊ី អាយ ទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់ការផ្គត់ផ្គង់គ្រួសារបន្ទាន់ សម្រាប់អ្នកដែលតែងតែធ្វើការផ្ញើប្រាក់ជាទៀងទាត់។
សម្រាប់ពលករកម្ពុជាដែលមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ធនាគារ អេស ប៊ី អាយ មានផ្តល់ប្រាក់កម្ចីពលករទៅធ្វើការនៅប្រទេសជប៉ុន ធនាគារ អេស ប៊ី អាយ ផ្តល់ការគាំទ្រចាប់តាំងពីដំណាក់កាលដំបូងនៃការធ្វើដំណើរ តាមរយៈការស្នើសុំប្រាក់កម្ចី ដែលមានភាពងាយស្រួល ការអនុម័តកម្ចីរហ័ស អត្រាការប្រាក់ប្រកួតប្រជែងត្រឹមតែ ៨,៥០% ក្នុងមួយឆ្នាំ ជាមួយនឹងជម្រើសសងប្រាក់បត់បែន និងមិនតម្រូវឱ្យមានទ្រព្យបញ្ចាំឡើយ។ នៅពេលទៅដល់ប្រទេសជប៉ុន ពលករ និងអ្នកផ្ញើប្រាក់ផ្សេងទៀត ក៏អាចប្រើប្រាស់សេវាផ្ទេរប្រាក់រហ័សរបស់ SBI Remit ដើម្បីផ្ញើប្រាក់ត្រឡប់មកផ្ទះវិញប្រកបដោយប្រសិទ្ធភាព ដែលជួយឱ្យក្រុមគ្រួសារនៅកម្ពុជា ទទួលបានប្រាក់ភ្លាមៗនៅពេលដែលពួកគេត្រូវការចាំបាច់បំផុត។
អ្នកទទួលប្រាក់អាចទទួលបានភ្លាមៗ (Real-time) នៅពេលដែលប្រាក់ត្រូវបានផ្ទេរចូលទៅក្នុងគណនី ធនាគារ អេស ប៊ី អាយ ដោយមិនមានថ្លៃសេវាទទួលប្រាក់នៅតាមសាខារបស់ ធនាគារ អេស ប៊ី អាយ ដែលអនុញ្ញាតឱ្យគ្រួសារអាចប្រើប្រាស់ប្រាក់បានភ្លាមៗ សម្រាប់ចំណាយប្រចាំថ្ងៃ ការសិក្សា ការថែទាំសុខភាព និងតម្រូវការចាំបាច់ផ្សេងៗទៀត។
នៅក្នុងប្រទេសជប៉ុន អ្នកផ្ញើប្រាក់អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ងាយស្រួលដែលគាំទ្រដោយបណ្តាញរបស់ SBI Remitជាច្រើន ដោយមិនត្រឹមតែការប្រើប្រាស់កម្មវិធីលើទូរសព្ទដៃមួយមុខនោះទេ។ ឧទាហរណ៍៖ អ្នកផ្ទេរប្រាក់ អាចកំណត់ជ្រើសរើសគណនី ធនាគារ អេស ប៊ី អាយ របស់សមាជិកគ្រួសារនៅកម្ពុជា ហើយប្រាក់នឹងមាននៅក្នុងគណនីនោះភ្លាមៗបន្ទាប់ពីប្រតិបត្តិការត្រូវបានបញ្ចប់។
«ការដាក់ឱ្យដំណើរការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ក្នុងការធ្វើទំនើបកម្មផលិតផល និងសេវាកម្មធនាគារ ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់អតិថិជន» លោក ឡយ សារ៉េត អគ្គនាយក ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក មានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន SBI Remitនៅជប៉ុន និងការទាញយកប្រយោជន៍ពីសមត្ថភាពរបស់សម្ព័ន្ធក្រុមហ៊ុន SBI Groupទាំងមូល យើងកំពុងជួយដល់ពលករ និងគ្រួសារឱ្យទទួលបានបទពិសោធផ្ទេរប្រាក់ដែលមានភាពងាយស្រួល និងជាក់ស្តែងជាងមុន»។
តាមរយៈការភ្ជាប់គណនីរបស់ធនាគារ អេស ប៊ី អាយ នៅកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្ទេរប្រាក់របស់ SBI Remitនៅប្រទេសជប៉ុន គំនិតផ្តួចផ្តើមនេះបានគាំទ្រដល់កិច្ចសហប្រតិបត្តិការអាជីវកម្មកម្រិតសម្ព័ន្ធក្រុមហ៊ុន ខណៈរក្សាបាននូវផលប្រយោជន៍សម្រាប់អតិថិជន៖ នោះគឺការទទួលបានប្រាក់សម្រាប់គ្រួសារនៅកម្ពុជាបានរហ័សជាងមុន ចំណាយអស់តិចជាងមុន និងមានទំនុកចិត្តខ្ពស់ជាងមុន។
អំពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក គឺជាបុត្រសម្ព័ន្ធដែលគ្រប់គ្រង ១០០% ដោយក្រុមហ៊ុន SBI Holdings, Inc. របស់ប្រទេសជប៉ុន ដែលជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ មានទ្រព្យសកម្មសរុបលើសពី ២៣៩,៤ ពាន់លានដុល្លារអាមេ រិក។ នៅក្នុងប្រទេសកម្ពុជា ធនាគារ អេស ប៊ី អាយ បានបង្ហាញពីកំណើនយ៉ាងរឹងមាំ ដោយមានទ្រព្យសកម្មសរុបកើនលើស ១,១២ ពាន់លានដុល្លារអាមេរិក និងមានបណ្តាញសាខាយ៉ាងទូលំទូលាយចំនួន ៥១ សាខានៅទូទាំងប្រទេស។ យុទ្ធសាស្ត្ររបស់ ធនាគារ អេស ប៊ី អាយ គឺការរួមបញ្ចូលគ្នារវាងបណ្តាញសាខាផ្ទាល់ និងសមត្ថភាពសេវាធនាគារឌីជីថល ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ដល់អតិថិជនអាជីវកម្ម និងអតិថិជនទូទៅ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញ នៅគ្រប់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗរបស់ពួកគេ។
អំពីក្រុមហ៊ុន SBI REMIT
SBI Remit ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ SBI Holdings, Inc ផងដែរ។ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ ចាប់ពីខែធ្នូឆ្នាំ២០១០។ ក្រុមហ៊ុនបានមើលឃើញអំពីការធ្លាក់ចុះនៃកំលាំងពលកម្មក្នុងស្រុកដោយសារតែចំនួនប្រជាជនវ័យចំណាស់នៅក្នុងប្រទេសជប៉ុនកាន់តែកើនឡើង ដែលជាហេតុតម្រូវឱ្យមានការហូរចូលយ៉ាងគំហុកនូវកំលាំងពលកម្មពីក្រៅប្រទេស។ ដូច្នេះដើម្បីជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធហិរញវត្ថុ យើងបានដាក់ចេញនូវបណ្តាញសេវាផ្ទេរប្រាក់ដែលមានសុវត្ថិភាព តំលៃសមរម្យ និងមានភាពរហ័ស ដើម្បីជួយឱ្យពលករបរទេសទាំងនោះអាចផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេដោយភាពងាយស្រួល។ យោងតាមរបាយការណ៍ធនាគារជាតិជប៉ុនឆ្នាំ២០២០ យើងសម្រេចបាន ៤២,៥០% នៃចំណែកទីផ្សារក្នុងការផ្ទេរប្រាក់លក្ខណៈបុគ្គល